
យោងអនុក្រឹត្យលេខ១៥ អនក្រ ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រង់មាត្រា២បានចែងថា៖ “សប្បុរសជនដែលបានធ្វើអំណោយជូនរដ្ឋ ជាថវិកាឬសំភារៈ មានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក(100,000$)ឡើងទៅត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១និងត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតដំកល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរម្យងារជា«ឧកញ៉ា»”។
ប៉ុន្តែនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យកែសម្រួលចំណុចទី១ មាត្រា២ នៃអនុក្រឹត្យលេខ១៥ ឆ្នាំ១៩៩៤ វិញ ដោយមាត្រា១ថ្មីបានចែងថា៖ “សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារៈ ដែលមានតម្លៃលើសពីដប់ម៉ឺនដុល្លារអាមេរិក(100,000$)ឡើងទៅ ត្រូវបានជូនមេដាយស្ថាបនាជាតិថ្នាក់លេខ១។
សប្បុរសជន ដែលបានធ្វើអំណោយជូនរដ្ឋជាថវិកាឬសម្ភារៈ ដែលមានតម្លៃលើសពីហាសិបម៉ឺនដុល្លារអាមេរិក(500,000 $)ឡើងទៅត្រូវបានរាជរដ្ឋាភិបាលស្នើសុំព្រះរាជយោបល់ដ៏ខ្ពង់ខ្ពស់នៃព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ដើម្បីទ្រង់ព្រះរាជទានគោរម្យងារជា«ឧកញ៉ា»”។ ដូច្នេះមានន័យថា បច្ចុប្បន្ននេះដើម្បីទទួលបានគោរម្យងារជា«ឧកញ៉ា»គឺទាល់តែបុគ្គលរូបនោះធ្វើអំណោយជូនរដ្ឋមានតម្លៃលើសពី៥០ម៉ឺនដុល្លារឡើងទៅ។បើតាមនាយកដ្ឋានឥស្សរិយយសនៃទីស្តីការគណៈរដ្ឋមន្ត្រីចំពោះគោរម្យងារឧកញ៉ាគឺមានដូចជា”ឧកញ៉ា”,“អ្នកឧញ៉ា”និង”លោកអ្នកឧកញ៉ា”៕