
(ព្រៃនប់)៖ ករណីគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តធំចំនួន៣គ្រឿង បានបុកបន្តគ្នានៅតាមផ្លូវជាតិលេ៤ ម្តុំជិតសាលាឃុំជើងគោក្នុងស្រុកព្រៃនប់.ខេត្តព្រះសីហនុ កាលពីម៉ោងជាង១១យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១។ ហេតុការណ៍នេះ បណ្តាលឲ្យអ្នកបើកបររថយន្តមួយគ្រឿងម៉ាក HYUNDAI ផ្លាកលេខ ភ្នំពេញ 3A-7507 ឈ្មោះសុខ ផុន ភេទប្រុស អាយុ២៤ឆ្នាំ
មានទីលំនៅភូមិវាលធំ.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ បានរបួសគៀបជាប់ក្នុងរថយន្ត ដែលតាមសមត្ថកិច្ចថា បន្ទាប់ពីអ្នកបើកបរថយន្តនោះមិនប្រកាន់ស្តាំ រួចជ្រុលទៅបុកប៉ះរថយន្ត០១គ្រឿងម៉ាក HYUNDAI ពណ៌ស-ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-4468
ដែលចតឈប់ស្ងៀមទិសដៅផ្ទុយគ្នា នៅលើចិញ្ចើមផ្លូវក្រួសក្រហម (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយបន្ទាប់មក បានរុញមកបុករថយន្ត០១គ្រឿងទៀតម៉ាក HYUNDAI ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3D-8957 បើកបរដោយឈ្មោះអ៊ុក រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចំការកៅស៊ូ.ឃុំជើងគោ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុ ដែលចតឈប់ក្រោយរថយន្ត HYUNDAI ពាក់ផ្លាកលេខ ភ្នំពេញ 3A-4468។ ក្រោយកើតហេតុ សមត្ថកិច្ចបានអន្តរាគមន៍និងចាត់ចែងដោះស្រាយតាមនិតិវិធី៕