
(កណ្ដាល)៖ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១នេះ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា កសិករជាអ្នកធ្វើចំការម្នាក់បាននិយាយទៅកាន់សមត្ថកិច្ចថា តាំងពីដាំចេកមិនដែលបានចេកទទួលទាន១ផ្លែ១ស្និត ឬក៏លក់ដូរនោះទេ ពោលគឺកាប់មិនទាន់ចោរ លុះខឹងពេកដេកចាំចាប់ទាល់តែបានចោរ។ ម្ចាស់ចំការចេកបានស្ទាក់ចាប់ជនសង្ស័យម្នាក់ ពេលកំពុងតែជិះម៉ូតូដឹកផ្លែចេកមួយស្ទង នៅចំណុចចំការចេក និងស្វាយ ស្ថិតក្នុងភូមិកោះទៀវ(ក).ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្តាល រួចប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ដែលនោះជាចោរលួចផ្លែចេក។
ជនសង្ស័យជាចោរលួចចេកខាងលើឈ្មោះ ដេន វន្នី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកោះទៀវ(ខ).ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្តាល។ ចំណែកវត្ថុតាងចាប់យកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1AS-4140 ០១គ្រឿង, កូនកាំបិតមានផ្លែដែកដងជ័រពណ៌ខ្មៅ១ និងផ្លែចេក១ស្ទង មាន១០ស្និតផងដែរ។
តាមការបំភ្លឺរបស់ជនរងគ្រោះឈ្មោះ សំអុល សុភាព ដែលជាម្ចាស់ចំការចេកបានឲ្យសមត្ថកិច្ចដឹងថា គាត់ជាកសិករប្រកបមុខរបរធ្វើស្រែចំការ ដោយបានដាំដើមចេក និងដើមស្វាយនៅលើដីមួយកន្លែង ស្ថិតនៅភូមិកោះទៀវ(ក).ឃុំសំពៅពូន.ស្រុកកោះធំ.ខេត្តកណ្តាល។ នៅពេលដែលចេក និងស្វាយបានផលមានផ្លែមានត្រយូង តែងតែមានចោរចូលលួចផ្លែទាំងចេកទាំងស្វាយ មិនដែលបេះ ឬកាប់ស្ទងទាន់ចោរនោះទេ សូម្បីតែផលដំណាំរបស់អ្នកជិតខាងក៏ចោរលួចរាល់ថ្ងៃដែរ។
ជនសង្ស័យក៏បានសារភាពថា កន្លងមកខ្លួនបានលួចកាប់ចេកគេយកទៅលក់ជាញឹកញប់ តែគ្មានម្ចាស់ចំការណាចាប់បានទេ លុះចុងក្រោយក៏ត្រូវអស់លក្ខណ៍ត្រឹមលួចកាប់ចេកមួយស្ទងពីចំការជនរងគ្រោះនេះតែម្តង។ បន្ទាប់មកជនងគ្រោះ និងអ្នកភូមិក៏នាំគ្នាជិះម៉ូតូដេញតាមពីក្រោយ និងឃាត់ខ្លួនជនសង្ស័យ រួចក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធី៕