
(កោះកុង)៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ សហការជាមួយព្រះរាជអាជ្ញារងខេត្តកោះកុងបានចុះពិនិត្យបង្ក្រាប និងរកឃើញក្រុមជនអន្តោប្រវេសន៍ជនជាតិវៀតណាមចំនួន៤៩នាក់កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញ ដែលកំពុងស្នាក់នៅ ព្រមទាំងធ្វើការខុសច្បាប់លើសាឡង់បូមខ្សាច់,នៅស្រុកស្រែអំបិល,ខេត្តកោះកុង។ សមត្ថកិច្ចបានបញ្ជាក់ថា ការស្រាវជ្រាវរកមិនឃើញឯកសារសម្គាល់លើជនអន្តោប្រវេសន៍ចំនួន៤៩ ក្នុងនោះស្ត្រីចំនួន៣នាក់ជាជនជាតិវៀតណាម។
បើតាមឧត្តមសេនីយ៍ឯក កែម សារឹម ពួកគេបានស្នាក់នៅ និងធ្វើការលួចលាក់ខុសច្បាប់នៅលើសាឡង់បូមខ្សាច់ចំនួន១៨គ្រឿង នៅចំណុចភូមិសាស្ត្រចំណុចពាមគយភូមិបាក់អង្រុត,ភូមិឈើទាសភ្នាស់,ឃុំស្រែអំបិល ខេត្តកោះកុង។ បច្ចុប្បន្ននេះ សមត្ថកិច្ចរបស់លោកក៏កំពុងសួរនាំលម្អិតថែមទៀតលើជនអន្តោប្រវេសន៍ម្នាក់ពីប្រវត្តិនៃការធ្វើដំណើរលួចចូលឆ្លងដែនខុសច្បាប់ផ្លូវគោកឬផ្លូវទឹក។ចំពោះម្ចាស់អាជីវកម្មបូមខ្សាច់ដ៏ធំជាងគេនៅស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានគេស្គាល់ឈ្មោះថា លឹម បុក ដែលផ្ដល់ការអនុញ្ញាតជាទីតាំងស្នាក់នៅ និងប្រកបមុខរបររកឈ្នួលបូមខ្សាច់ប្រចាំថ្ងៃអោយខ្លួន។
គេនៅមិនទាន់ដឹងព័ត៌មានច្បាស់លាស់ទេ ថាតើឈ្មួញឈ្មោះ លឹម បុក នេះ អាចនឹងរងបន្តឹងទៅតុលាការតាមផ្លូវច្បាប់ដែរឬយ៉ាងណានោះ មិនអាចមានសមត្ថកិច្ចជំនាញណាម្នាក់អាចពន្យល់បានទេ។ ដោយឡែកលោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុងឱ្យដឹងដែរថា នេះជាការបង្ក្រាបលក្ខណៈទ្រង់ទ្រាយធំមួយសម្រាប់ឆ្នាំ២០២០ចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ដែលលួចចូលស្នាក់នៅនិងធ្វើការខុសច្បាប់លើដែនដីខេត្តកោះកុង។ កន្លងទៅមានយុទ្ធនាការពិនិត្យនិងបង្ក្រាបដែរ ដោយរកឃើញចំនួនតិចតួចប៉ុណ្ណោះបើធៀបនឹងពេលនេះ។ជាវិធានការរឹតបន្តឹងលោកស្នងការនគរបាលខេត្តកោះកុងអះអាងទៀតថា លោកនឹងដាក់ផែនការដល់មន្ត្រីសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងស្រុកនឹងបង្កើនបន្តសហការពិនិត្យស្វែងរកជនអន្តោប្រវេសន៍ខុសច្បាប់បន្ថែមដោយមិនត្រូវឱ្យពួកគេចូលមករស់នៅនិងធ្វើការខុសច្បាប់ហើយមិនដឹងព័ត៌មាននោះទេ៕