គាំទ្រណាស់ ! ក្រសួងសុខាភិបាល ព្រមានបិទមន្ទីរពេទ្យណាដែលនៅតែចេញវេជ្ជបញ្ជាសរសេរដៃ ខ្ជីខ្ជា អានមិនដាច់

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា រយៈកាលកន្លងមកក្រសួងបានសង្កេតឃើញកន្លែងព្យាបាលជំងឺឯកជនមួយចំនួនបានអនុវត្តត្រឹមត្រូវទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជាតាមកុំព្យួទ័រ។ ទន្ទឺមនឹងនោះដែរក៏នៅមានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀត នៅតែមិនព្រមអនុវត្តទៅតាមការណែនាំរបស់ក្រសួងក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យួទ័រដោយនៅតែបន្តការចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជាអានមិនដាច់និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។

ក្នុងករណីដែលនៅមានកន្លែងព្យាបាលជំងឺឯកជនណាមួយមិនព្រមគោរពទៅតាមការណែនាំខាងលើនេះទេ ក្រសួងសុខាភិបាលនឹងមានវិធានការយ៉ាងហ្មឹងម៉ាត់បំផុតចំពោះកន្លែងព្យាបាលនោះនិងធ្វើការផាកពិន័យប្រាក់ចំនួន៥០០០០០០រៀល តាមការប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមួយក្រសួងសុខាភិបាល ឬដកអាជ្ញាប័ណ្ណមកវិញ ព្រមទាំងបិទកន្លែងព្យាបាលមិនឲ្យព្យាបាលអ្នកជំងឺតទៅទៀតឡើយ៕