
(ភ្នំពេញ)៖ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ទល់មុខពហុព្យាបាលសម្ភពសែនជ័យ ផ្លូវណតប្រ៊ីដ ស្ថិតក្នុងសង្កាត់អូបែកក្អម,ខណ្ឌសែនសុខ,រាជធានីភ្នំពេញ។ រថយន្តទាំង២គ្រឿងខាងលើនេះក្នុងនោះរថយន្តមួយគ្រឿងម៉ាកអូឌីមួយគ្រឿងទៀតម៉ាកឡិចស៊ីសNX300។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីឃ្យូសេវេនពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2AF-7389)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។
ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីដក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំនុចកើតហេតុដោយសារតែផ្លូវស្ទះអ្នកបើកបរបានបង្អង់ល្បឿនឈប់ហើយគាប់ជួនពេលនោះដែរស្រាប់តែបុរសម្នាក់ទៀតបានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីសNX300 ពណ៌សពាក់ស្លាកលេខ(ភ្នំពេញ2BH-7627)អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរក្នុងទិសដៅស្របគ្នា ហើយណាមួយអ្នកបើកបររថយន្តម៉ាកឡិចស៊ីសរវល់តែចុចទូរសព្ទ័មិនបានមើលផ្លូវក៏ជ្រុលទៅបុកគូទរថយន្តម៉ាកអូឌីទាំងកំរោលបណ្តាលឱ្យរងការខូចខាតតែមិនមានគ្រោះថ្នាក់ដល់អ្នកជិះនៅក្នុងរថយន្តនោះទេ។
ដោយឡែករថយន្តម៉ាកឡិចស៊ីសវិញបានរងការខូចខាតផែ្នកខាងមុខយ៉ាងដំណំតែមិនមានរងគ្រោះថ្នាក់ដល់មនុស្សដូចគ្នា។ ក្នុងហេតុការណ៍នេះដែរបន្តិចក្រោយមកភាគីទាំងសងខាងបានបើករថយន្តដាក់កៀនហើយសម្របសម្រួលគ្នាមួយជំហាន ដោយភាគីខាងរថយន្តម៉ាកអូឌីទាមទារសំណង១ពាន់ដុល្លារ តែពេលនោះភាគីខាងរថយន្តម៉ាកឡិចស៊ីសNX300សុំសងតែ៣០០ដុល្លារតែប៉ុណ្ណោះ តែភាគីខាងរថយន្តម៉ាកអូឌីអត់ព្រមទទួលនោះទេ។ ក្រោយពេលកើតហេតុដោយសារតែការសម្របសម្រួលគ្នាមិនត្រូវរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ចុះទៅធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ រង់ចាំភាគីទាំង២ចូលមកដោះស្រាយគ្នាម្តងទៀតនៅពេលក្រោយ៕