
(សៀមរាប)៖ បន្ទាប់ពីទទួលបានគោលការណ៍ណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏ដូចជាអនុវត្តតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ស្តីពីការហាមឃាត់ការធ្វើអាជីវកម្មទិញ-លក់ពិឃា.តសត្វសុនខកាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ និងក្រោយពីបានជួបពិភាក្សាការងារជាមួយអង្គការសង្គ្រោះសត្វកម្ពុជា(Animal Rescue Cambodia)និងអង្គការហ្វរផរ(Four Paws)កាលពីពេលថ្មីៗនេះ រដ្ឋបាលស្រុកបន្ទាយស្រីនឹងធ្វើការហាមឃាត់ការធ្វើអាជីវកម្មនិងសកម្មភាពប្រភេទនេះ ដោយនឹងធ្វើការជូនដំណឹងជាផ្លូវការដាច់ដោយឡែកមួយទៀត ដល់រាល់អ្នកប្រកបរបរពាក់ព័ន្ធនឹងសាច់ឆ្កែទាំងអស់នៅក្នុងស្រុក។
កន្លងមក ការលួច,ការជួញដូរ,ការដឹកជញ្ជូន និងលក់សត្វឆ្កែដើម្បីយកសាច់ទៅធ្វើជាម្ហូបអាហារមានការកើនឡើងគួរអោយបារម្ភ ដែលក្នុងនោះស្រុកបន្ទាយស្រីត្រូវបានរកឃើញថាជាកន្លែងជួញដូរធំជាងគេនៅក្នុងខេត្តសៀមរាប ជាពិសេសនៅក្នុងឃុំព្រះដាក់ ដោយមានទីតាំងប្រមូលទិញពីបណ្តាស្រុកផ្សេងៗ ស្តុកទុកសត្វឆ្កែរស់ជាច្រើនកន្លែង និងកំពុងប្រតិបត្តិការផ្គត់ផ្តង់សត្វឆ្កែរស់និងសាច់ឆ្កែបន្តទៅកាន់តំបន់ដទៃទៀតក្នុងប្រទេសកម្ពុជា។ការជួញដូរនេះបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍និងកេរ្តិ៍ឈ្មោះរបស់ខេត្តសៀមរាបតួយ៉ាងមានសារពត៌មានអន្តរជាតិ ចំនួន១៨០បណ្តាញ បានធ្វើការចុះផ្សាយរិះគន់នៅលើគេហទំព័ររបស់ពួកគេក្នុងអំឡុងពីខែវិច្ឆិកានិងខែធ្នូ២០១៩។
ការហាមឃាត់ការជួញដូរសាច់ឆ្កែនេះក៏នឹងលើកកម្ពស់សុខមាលភាពសត្វផង និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋទូទៅផងជៀសវាងការឆ្លងរាលដាលជម្ងឺផេ្សងៗ។ រដ្ឋបាលស្រុកបន្ទាយស្រីសង្ឃឹមថា បងប្អូនអាជីវករដែលប្រកបរបរទិញ-លក់ និងសត្តឃាតសត្វឆ្កែទាំងអស់នៅក្នុងស្រុក ជាពិសេសនៅក្នុងឃុំព្រះដាក់ នឹងមានការយោគយល់ព្រមទាំងផ្តល់កិច្ចសហការដោយរលូនបញ្ឈប់រាល់សកម្មភាពទាំងនេះនិងងាកទៅចាប់យកមុខរបរថ្មីដែលមិនមានការហាមឃាត់។ ការផ្សព្វផ្សាយជាមុននេះចាត់ទុកជាជំហរទន់ភ្លន់មួយរបស់អាជ្ញាធរមូលដ្ឋាន ដើម្បីទុកអោយអាជីវករទាំងអស់ស្ម័គ្រចិត្តរៀបចំអនុវត្តតាមការតម្រូវនៃច្បាប់ដោយខ្លួនឯងមុននឹងរដ្ឋបាលស្រុកអនុវត្តនីតិវិធីរដ្ឋបាល៕