
(ភ្នំពេញ)៖ គិតត្រឹមវេលាម៉ោង១រសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០នេះ ជនជាប់ចោទ នី ណាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ហុង សុគុណវឌ្ឍនា ចេញដីការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស បណ្តោះអាសន្នហើយរងចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ។ជនជាប់ចោទ នី ណាក់ មានអាយុ៤១ឆ្នាំ មុខរបរលក់ដូរសាច់ក្រកតាមអនឡាយ មានស្រុកកំណើតនៅស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានលោក ប្លង់ សុផល ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការចោទប្រកាន់ចំនួន២បទល្មើសគឺបទ៖
ញុះញង់ឲ្យមានការរើសអើងនិងបទជេរប្រមាថជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៦ និង មាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ។ សូមបញ្ជាក់ថាជនជាប់ចោទខាងលើត្រូវបានកម្លាំងនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាធ្វើចាប់ខ្លួនតាមដីការបង្គាប់បញ្ជារអោយនាំខ្លួន របស់ព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសដូចដែលបានចោទប្រកាន់ពីខាងលើ ដែលរូបគេប្រព្រឹត្តិនៅរាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
គួររំលឹកបន្ថែមថាហ្វេសប៊ុកផេកឈ្មោះ«Iman-KH»ដែលកាន់កាប់ដោយបុគ្គលឈ្មោះ នី ណាក់ បានសរសេរថា«ខ្ញុំបានត្រៀមឬព្រៀងលិខិតនិងឯកសាររួចរាល់អស់ហើយក្នុងការស្នើដាក់ទ្រុងមាន់របស់ខ្ញុំក្នុងភាពអាសន្ន ព្រោះមូលហេតុមានមេរោគផ្តាសាយរលាកផ្លូវដង្ហើមកំពុងតែរាតត្បាតក្នុងកសិដ្ឋាន។ ខ្ញុំមិនចង់គិតដល់ចំណុចនេះទេ ព្រោះវាធ្វើអោយខូចខាតសេដ្ឋកិច្ចរបស់កូនមាន់យ៉ាងធ្ងន់ធ្ងរ។ ខ្ញុំសង្ឃឹមថាកូនមាន់នឹងចេះពាក់ម៉ាស់គ្រប់គ្នាហើយដេកនៅក្នុងទ្រុង កុំចេញក្រៅអោយសោះបើគ្មានការចាំបាច់»។
សំណេររបស់ឈ្មោះ នី ណាក់ នាពេលនេះ ត្រូវបានមជ្ឈដ្ឋានជាច្រើនកំពុងជជែកគ្នានិងអះអាងថាកំពុងឌឺដងឬផ្គើននឹងប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ បុគ្គល នី ណាក់ កន្លងមកតែងតែដៀមដាមជេរប្រមាថទៅលើបុគ្គលនិងស្ថាប័នរដ្ឋជាញឹកញាប់តែហាក់គ្មានអ្វីកើតឡើងចំពោះបុគ្គលម្នាក់នេះទាល់តែសោះ ខណៈកន្លងមកក៏ធ្លាប់បានធ្វើលិខិតសុំទោសជាសាធារណៈផងដែរដោយសារសម្ដីព្រហើនបែបនេះ៕