
កាលពីសប្តាហ៍មុន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការផ្សព្វផ្សាយព័ត៌មានបច្ចេកវិទ្យា ដែលទាក់ទងទៅនឹងប្រទេសឥណ្ឌាបានប្រកាសបិទកម្មវិធីទូរសព្ទប្រមាណជា៥៩កម្មវិធី ក្នុងនោះក៏មានកម្មវិធី TikTok ដ៏ពេញនិយមមួយផងដែរ។ កន្លងមកយើងសង្កេតឃើញថាប្រជាជនកម្ពុជាមួយចំនួនមានការមិនពេញចិត្តនិងបានរិះគន់ទៅលើកម្មវិធីនេះ ដោយសារតែមានក្មេងៗប្រើច្រើនដែលធ្វើឱ្យខាតបង់ពេលវេលា ក៏ដូចជាប្រាក់កាស ព្រមទាំងទាក់ទងទៅនឹងសីលធម៌របស់ពួកគេ។
មិនខុសគ្នាពីប្រជាជនឥណ្ឌាខ្លះក៏មានការមិនពេញចិត្តចំពោះកម្មវិធីនេះដែរ តែក៏មានមួយចំនួនទៀតក៏ចូលចិត្ត និងបានប្រើប្រាស់កម្មវិធីនេះដើម្បីជាគ្រឿងកំសាន្ត ឬធ្វើជាប្រយោជន៍ក្នុងការរកលុយផងដែរ។ ដោយសារតែឃើញថាប្រជាជនឥណ្ឌាជាច្រើននៅតែចូលចិត្តនិងចង់ប្រើកម្មវិធីនេះជាហេតុនាំឱ្យក្រុមជនអនាមិកបានឆ្លៀតឱកាសបង្កើតកម្មវិធីដែលមានមេរោគ Malware ប៉ុន្តែបន្លំថាជាកម្មវិធី TikTok Pro ដើម្បីឱ្យប្រជាជនឥណ្ឌាទាញយកមកប្រើប្រាស់តាមរយៈតំណភ្ជាប់ដែលពួកគេបានផ្សព្វផ្សាយនៅលើ Twitter និង WhatsApp។
ក្រោយពីបានទាញយកនឹងដំឡើងកម្មវិធីនេះរួចរាល់ហើយ កម្មវិធីនេះនឹងធ្វើការស្នើចូលក្នុងប្រព័ន្ធទូរសព្ទដើម្បីអាចទាញយកទិន្នន័យជាច្រើនដូចជា រូបភាព ឯកសារ ទីតាំង contacts ជាដើមនៅពេលដែលអ្នកប្រើប្រាស់ព្យាយាមបើកកម្មវិធីនេះ ប៉ុន្តែវាមិនបានដំណើរការអ្វីនោះទេ។ ទោះបីជាកម្មវិធីនេះមិនមានដំណើរការក៏ដោយក៏វាយឺតពេលទៅហើយព្រោះមេរោគ malware ត្រូវបានដំឡើងចូលក្នុងទូរសព្ទដែលអាចលួចទាញយកទិន្នន័យនិងបង្ហាញសារដដែលៗដើម្បីឱ្យដំឡើងកម្មវិធីផ្សេងៗទៀតតែប៉ុណ្ណោះ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសូមណែនាំអ្នកប្រើប្រាស់ទាំងអស់ចៀសវាងធ្វើការទាញយកកម្មវិធីមកប្រើប្រាស់ដែលមិនមាននៅក្នុង Play Store ឬ App Store ព្រោះយើងមិនអាចបញ្ជាក់បានថាតើកម្មវិធីទាំងនោះជាកម្មវិធីពិតប្រាកដ និងមិនមានបង្កប់មកជាមួយមេរោគ malware បានទេ៕ ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា