ក្ដៅៗ ! អគារកាណាឌីយ៉ាត្រូវបានបិទដល់ថ្ងៃទី១៧ ខែធ្នូ ហើយបុគ្គលិកធ្វើការនៅទីនោះទាំងអស់នឹងត្រូវ…

(រាជធានីភ្នំពេញ)៖ ក្រសួងសុខាភិបាលប្រកាសបិទអគារកាណាឌីយ៉ារហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ដោយយោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើយោងតាមសេចក្តីជម្រាបជូនរបស់ក្រសួងសុខាភិបាល មកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ាដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ។

បើតាមលិខិតដដែលបានបញ្ជាក់ថា ការបិទអគារកាណាឌីយ៉ា ដោយសារបុគ្គលិកនៅធនាគារចិនម្នាក់មានវិជ្ជមានជំងឺកូវីដ-១៩ ហើយបានប្រើប្រាស់ជណ្តើរយន្តរួមគ្នានៅអគារកាណាឌីយ៉ា។ ដូច្នេះត្រូវបិទអគារកាណាឌីយ៉ាទាំងមូលបន្តទៀតរយៈពេល១៤ថ្ងៃ គិតចាប់តាំងពីថ្ងៃទី០៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនោះទាំងអស់ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី១៣ ខែធ្នូ និងលើកទី៣ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០៕