គយ នឹងដាក់លក់រថយន្ត និងទំនិញគេចពន្ធ ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយ…

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(អ.គ.រ)នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាសថា រថយន្តនិងទំនិញគេចពន្ធដែលខ្លួនបានរឹបអូសនោះ នឹងត្រូវដាក់លក់ប្រសិនបើម្ចាស់មិនចូលខ្លួនដោះស្រាយទេនោះ។ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទុករយៈពេល៦០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះឱ្យម្ចាស់រថយន្តនិងទំនិញគេចពន្ធចូលខ្លួនទៅដោះស្រាយ។ យោងតាមសេចក្តីជូនដំណឹងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ម្ចាស់យានយន្តនិងម្ចាស់ទំនិញគេចពន្ធដែលត្រូវបានបង្ក្រាបនិងរក្សាទុកបណ្ដោះអាសន្ននោះ ចូលខ្លួនបំពេញកាតព្វកិច្ចពន្ធអាករនិងពិន័យតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ក្នុងសេចក្តីជូនដំណឹងក៏បានបញ្ជាក់ដែរថាចំពោះរថយន្តចង្កូតស្តាំវិញម្ចាស់រថយន្តត្រូវបំពេញលក្ខខណ្ឌចំនួនពីររួម៖
១.កក់ប្រាក់ចំនួន៧០%នៃប្រាក់ពន្ធអាករ និងពិន័យដែលត្រូវបង់ និងយករថយន្តទៅកែចង្កូតពីស្តាំ មកឆ្វេងនៅយានដ្ឋានដែលទទួលស្គាល់ដោយស្ថាប័នមានសមត្ថកិច្ច។
២.ក្នុងរយៈពេលមិនលើសពី៣០ថ្ងៃ ម្ចាស់រថយន្តត្រូវយករថយន្តដែលបានកែចង្កូតរួចមកបង្ហាញ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចនិងបង់ប្រាក់ពន្ធអាករនិងពិន័យបន្ថែម៣០%ទៀត ដើម្បីទទួលបានបង្កាន់ដៃពន្ធយានយន្តសម្រាប់ប្រើប្រាស់ក្នុងការចុះបញ្ជីយានយន្តស្របតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

ក្នុងសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា ក្នុងករណីម្ចាស់រថយន្តនិងទំនិញខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចតាមលក្ខខណ្ឌនិងពេលវេលាដូចបានរៀបរាប់ខាងលើនិងអនុលោមតាមបញ្ញត្តិមាត្រា៥៤និងមាត្រា៥៥ នៃច្បាប់ស្ដីពីគយទេនោះយានយន្ត និងទំនិញទាំងនោះនឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារហើយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាធារណៈតាមនីតិវិធីជាធរមានដើម្បីប្រមូលចំណូលចូលថវិកាជាតិ។ យោងតាមមន្ត្រីគយបានឱ្យដឹងថា រថយន្តដែលត្រូវបានរឹបអូសទាំងចង្កូតឆ្វេងនិងចង្កូតស្តាំមានចំនួន៨៤៦គ្រឿង។ សម្រាប់ទំនិញវិញមិនអាចបញ្ជាក់ពីចំនួនបាននោះទេដោយគ្រាន់តែអះអាងថាមានចំនួនច្រើនតោន៕