រថយន្តមួយគ្រឿង បានឆេះម៉ាស៊ីនអស់ខ្ទេច នៅលើផ្លូវជាតិលេខ៥ មូលហេតុដោយសារ…

(កំពង់ឆ្នាំង)៖ រថយន្តមួយគ្រឿងបានឆេះទាំងព្រឹក បង្កអោយមានការភ្ញាក់ផ្អើលនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៨៧និង៨៨ ស្ថិតនៅក្នុងភូមិទួលក្រឡាញ់.សង្កាត់កំពង់ឆ្នាំង.ក្រុងកំពង់ឆ្នាំង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់រថយន្តខាងលើមានឈ្មោះ ស៊ីន សាលីន អាយុ៣១ឆ្នាំ មានទីលំនៅភូមិទី៧.សង្កាត់ខ្សាម.ក្រុងកំពង់ឆ្នាំង។ មុនពេលកើតហេតុ ម្ចាស់រថយន្តខាងលើបានបើករថយន្ត toyota Matrx ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BJ.6849 ក្នុងដំណើរពីជើងទៅត្បូង

មកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះពីក្នុងម៉ាស៊ីនយ៉ាងសន្ធោរសន្ធៅ ធ្វើអោយម្ចាស់រថយន្តអែបរថយន្តមកខាង ស្ដាំដៃរួច បើកទ្វារចេញមកក្រៅ ខណះនោះប្រជាពលរដ្ឋបានជួយអន្តរាគមន៍ដោយដងទឹកពន្លត់ បន្ទាប់មករថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគរបាលខេត្ត១គ្រឿង បានជួយបាញ់ពន្លត់ ដោយប្រើរយៈពេលជាង១០នាទីទើបគ្រប់គ្រងសភាពការណ៍បាន។

ក្នុងករណីនេះបានបណ្តា លឲ្យរថយន្តខាងលើបានឆេះខ្ទេចផ្នែកខាងមុខ។ សមត្ថកិច្ច បានបញ្ជាក់ទៀតថា រថយន្តខាងលើគឺឆេះបណ្ដាលមកពីលេចសាំងឆ្លងចរន្តភ្លើង ទើបបណ្តាលអោយឆេះម៉ាស៊ីនរថយន្តផ្នែកខាងមុខបែបនេះ៕