
(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថ្លែងប្រាប់ឱ្យដឹងនៅមុននេះបន្តិចនាយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទផ្សារអ៉ីអន១ជាបណ្តោះអាសន្ន ក្រោយពេលរកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តីខ្មែរម្នាក់ដែលរូបគាត់បានចូលទៅកាន់ផ្សារនេះ ដើម្បីញ៉ាំអាហារ និងទិញអីវ៉ាន់មួយចំនួន។ លោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យហើយភ្លាមៗនេះក្រសួងសុខាភិបាលក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្តនិងធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្តនិងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួតផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ៕ ប្រភព៖ Fresh News