
(ខេត្តកំពង់ធំ)៖ បើតាមប្រជាពលរដ្ឋបានឲ្យដឹងថាប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានការនេសាទបានកូនក្រពើជាហូរហែនៅចំណុចបឹងភេ ដែលជាបឹងធម្មជាតិមួយដែលមានអាយុកាលរាប់រយឆ្នាំមកហើយ មានទីតាំងស្របតាមបណ្តោយផ្លូវជាតិលេខ៦ស្ថិតក្នុងភូមិកំពង់ក្របៅ,សង្កាត់កំពង់ក្របៅ,ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ប្រភពដដែលបានឲ្យដឹងថាបឹងធ្មជាតិមួយនេះ បច្ចុប្បន្នមានទំហំផ្ទៃបឹងប្រមាណជា២៩ហិកតាដែលបានផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋតាមរយៈការដាក់មង,ចងសន្ទូច,បេះផ្កាឈូក,ស្លឹកឈូក,ផ្លែឈូក,ដកក្រអៅឈូកនិងដកព្រលឹតរំចង់លក់ជាដើម។ ដើម្បីដោះស្រាយជីវភាពគ្រួសារក្រៅពីនោះបឹងនេះក៏ផ្តល់ស្មៅនិងទឹកដល់គោក្របីផងដែ។
ជុំវិញករណីថាបឹងភេសម្បូរទៅដោយសត្វក្រពើខាងលើនេះបើយោងតាមប្រភពព័ត៌មានដែលទទួលបាននោះ បានឲ្យដឹងថា បឹងភេនេះមានអាយុកាលរាប់រយឆ្នាំមកហើយហើយទឹកនៅបឹងភេទោះជានៅរដូវប្រាំងមានបឹងធម្មជាតិមួយចំនួនត្រូវរីងហួតហែងយ៉ាងណាក្តីក៏ទឹកបឹងភេនេះមិនដែលរីងនោះដែរ។ គួររំលឹកថាកាលពីរយៈពេលប៉ុន្មានឆ្នាំមុនសត្វក្រពើនៅក្នុងបឹងភេនេះ ធ្លាប់ខាំកូនប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសម្តងរួចមកហើយដែរ។ ជាក់ស្តែងកាលថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកានេះ លោកដាក់លបបានកូនក្រពើចំនួន២ក្បាល ១ក្បាលៗមានទម្ងន់ប្រហែលជាកន្លះគីឡូផងដែរ។
គួររំលឹកថាកាលពីថ្ងៃទី០៥ និងទី០៧ ខែតុលា ឆ្នាំ២០២០កន្លងមកថ្មីៗនេះ លោកដាក់លបនៅជាយមាត់បឹងភេខាងក្រោយផ្ទះរបស់លោកបានកូនក្រពីក្បាល១ទម្ងន់ប្រហែលជា១គីឡូក្រាមនិងមួយក្បាលទៀតទម្ងន់ប្រហែលជា៣គីឡូក្រោយមកដោយសារតែទឹកជំនន់ឡើងខ្លាំងលោកក៏សារលបរបស់លោកទុកមួយរយៈពេល នៅពេលទឹកស្រកបន្តិចលោកក៏ចាប់ផ្តើមដាក់លបឡើងវិញ ស្រាប់តែនៅពេលលោកទៅលើកលបក្រៅពីបានកូនត្រីកំភ្លៀញនិងខ្យងហើយនោះក៏បានកូនក្រពើចំនួនពីរក្បាលបន្ថែមទៀត។ សរុបក្នុងរយៈពេលជាង១ខែឆ្នាំ២០២០នេះលោកដាក់បានកូនក្រពើចំនួន៤ក្បាលមកហើយ៕