មានសង្ឃឹមតិចៗហើយ ! ព្រឹកមិញក្រសួងបើកកិច្ចប្រជុំពិភាក្សា ឲ្យដំណើរការរោងភាពយន្តឡើងវិញ

(ភ្នំពេញ)៖ នាព្រឹកថ្ងៃ ទី០៦ ខែកក្កដា ឆ្នាំ២០២០ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងសហការីនៅទីស្តីការក្រសួងសុខាភិបាល។

កិច្ចប្រជុំពិភាក្សានេះក្នុងគោលបំណងពិនិត្យពិភាក្សាលើស្តង់ដារប្រតិបត្តិ ដើម្បីជាវិធានការការពារក្នុងករណីរាជរដ្ឋាភិបាលអនុញ្ញាតបើកឲ្យដំណើរការឡើងវិញរោងភាពយន្ត ដោយឈរលើគោលការណ៍នៃស្តង់ដាប្រតិបត្តិបង្ការជំងឺឆ្លងកូវីត១៩ របស់ក្រសួងសុខាភិបាល។ គួររំលឹកថាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបិទនិងផ្អាកជាបណ្តោះអាសន្នសកម្មភាពការបញ្ចាំងភាពយន្តរាជធានីខេត្ត ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយយោងលិខិតលេខៈ៤១សខល របស់ក្រសួងសុខាភិបាល។ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ