សមត្ថកិច្ចចាប់ខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត តាមដីការបស់តុលាការ ពីបទ…

(ភ្នំពេញ)៖ អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២,ក្នុងសង្កាត់ទឹកល្អក់ទី២,ខណ្ឌទួលគោក,រាជធានីភ្នំពេញ។ ការចាប់ខ្លួននេះបានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាននិងជាចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនដែលបណ្តាញព័ត៌មានទទួលបាននៅពេលកម្លាំងនគរបាលបានបង្ហាញថា៖ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ«បរិហារកេរ្តិ៍ជាសាធារណៈ,ញុះញង់ឲ្យមានការរើសអើងនិងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០»។

តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថាមិនអាចចូលទៅបង្ហាញខ្លួនបានដោយសារបញ្ហាសុខភាព«ផ្តាសាយធំ»ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះបានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។ ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌដើម្បីចាត់ការបន្តទៀត៕ ប្រភព៖ Fresh News