
អង្គការ WWF មានការសោកស្តាយយ៉ាងខ្លាំង បន្ទាប់ពីបានទទួលដំណឹងថា សត្វផ្សោតមួយក្បាលត្រូវបានប្រទះឃើញ ស្លា ប់ នៅក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។ ប្រជាពលរដ្ឋក្នុងភូមិ បានប្រទះឃើញសាកស ព របស់សត្វផ្សោតនេះកាលពីថ្ងៃម្សិលមិញនៅតាមបណ្តោយច្រាំងទន្លេ ហើយបានរាយការណ៍ពីហេតុការណ៍នេះភ្លាមជូនអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។
ក្រោយពីទទួលបានរបាយការណ៍នៃឧបទ្ទវហេតុនេះ មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងបុគ្គលិកអង្គការ WWF បានចុះទៅពិនិត្យដល់ទីតាំងផ្ទាល់ ដែលទីនោះត្រូវបានកំលាំងនគរបាល និងអាជ្ញាធរមូលដ្ឋានការពារយ៉ាងត្រឹមត្រូវល្អដើម្បីធានាថាគ្មានការរំខានដល់សាកសពរបស់សត្វផ្សោតរហូតដល់មន្រ្តីជំនាញនិងអ្នកវិទ្យាសាស្រ្តអញ្ជើញទៅដល់។ ការវិភាគបឋមលើសាកស.ពសត្វផ្សោតបានបង្ហាញថាសត្វផ្សោតដែលស្លា ប់ នេះជាសត្វផ្សោតញីពេញវ័យមានអាយុប្រមាណជា២៧ឆ្នាំ និងមានប្រវែង ២,២ម៉ែត្រ។
ក្រុមជំនាញមិនអាចបញ្ជាក់ពីទម្ងន់របស់វាបានទេ ហើយក៏មិនបានរកឃើញថាមានសញ្ញានៃការរង រ បួ ស លើរាងកាយ ឬស្លាកស្នាមពីការជាប់នឹងមងនេសាទទេ ដោយហេតុថាសាកស.ពមានស្ថានភាពរលួយខ្លាំង។ ផ្អែកតាមរបាយការណ៍បឋម ក្រុមជំនាញបានសន្និដ្ឋានថាសត្វផ្សោតមួយក្បាលនេះបានហែលចេញពីទីជម្រករបស់វានៅក្នុងខេត្តក្រចេះ វង្វេងរហូតដាច់សង្វែងពីហ្វូងរបស់វា ហើយថាសត្វផ្សោតមួយក្បាលនេះអាចស្លាប់ដោយធម្មជាតិ ពោលគឺដោយសារវាមានអាយុចាស់។
អ្នកវិទ្យាសាស្ត្របានបញ្ជាក់ថាសត្វផ្សោតមួយក្បាលនេះមានវត្តមាននៅក្នុងកំណត់ត្រានៃជំរឿនសត្វផ្សោតចាប់ពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០២០។ អ្នកវិទ្យាសាស្ត្រក៏បានគូសបញ្ជាក់ផងដែរថាសត្វផ្សោតអ៊ីរ៉ាវ៉ាឌីអាចរស់នៅ រហូតដល់ចន្លោះអាយុពី២៨ទៅ៣០ឆ្នាំ នៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា។
អង្គការ WWF សូមថ្លែងអំណរគុណដល់រដ្ឋបាលជលផល ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងភូមិ.ឃុំ និងស្រុកខាងលើ បុគ្គលិកអង្គការ WWF ព្រមទាំងអ្នកពាក់ព័ន្ធដទៃទៀតដែលបានចូលរួមក្នុងការងារនេះ ចាប់តាំងពីការផ្តល់របាយការណ៍ដំបូង រហូតដល់ចុះពិនិត្យនិងសកម្មភាពការងារបន្ទាន់ទាំងអស់នេះ។