ពូ Pass App មួយចំនួនតូច ប្រើល្បិចខ្ពស់ណាស់ !! សូមបងប្អូនធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រុងប្រយ័ត្ន កុំអោយជួបរឿងដូចគាត់..

(ហ្វេសប៊ុក)៖ ជាសារដាស់តឿនមួយដល់បងប្អូនដែលតែងតែធ្វើដំណើរតាម Pass App ជាពិសេសនារីៗ សូមប្រយត្ន័ប្រយែងព្រោះថាអ្នករត់ Pass App មួយចំនួនតូចគឺមានល្បិចខ្ពស់ណាស់ ក្នុងការប្រព្រឹត្តចោរកម្មនិងបទល្មើសផ្សេងៗ។ នេះជាបទពិសោធមួយពីប្រភពគណនី Facebook មួយដែលមានឈ្មោះ(សឹម សក្តិដា) ដោយគាត់បានជួបនូវករណីបែបនេះផ្ទាល់ ហើយចែករំលែកដល់បងប្អូនជាពិសេសនារីៗ ឲ្យមានការប្រយត្ន័ប្រយែង។ ជាក់ស្ដែងបើយោងតា​មខ្លឹមសារទាំងស្រុងពីប្រភពគណនី Facebook ខាងលើបានសរសេររៀបរាប់ថា៖

«កាលពីថ្ងៃ២៧ ខែឧសភា ខ្ញុំបានហៅ Pass App នេះតាម App ដោយធ្វើដំណើរពី បុរីទំនើប០១ ក្រោយទីលានវាយកូនហ្គោលជីបម៉ុង ទៅក្រោយផ្សារដេប៉ូពីរនាក់គ្រួសារខ្ញុំ។ ជិះដល់ម្ដុំវត្តតាំងកសាងខាងត្បូង អ្នកបើកបរក៍ប្រាប់ថាទូរសព្ទដាច់សេវាហើយ ឲ្យខ្ញុំគិតម៉ៅទៅឲ្យខ្ញុំ cancel app ទៅ។ ដោយចិត្តអាណិតអាសូរខ្ញុំក៍ចុច cancel ទាំងទូរសព្ទខ្ញុំនៅដើរ app ធម្មតា។ ក្រោយមកទៀតអ្នកបើកបរក៍ប្រាប់ថា យកលេខទូរសព្ទវាទៅ ព្រោះផ្ទះវានៅជិតហ្នឹងដែរ មិនបាច់ហៅតាម App ទេ។ ដោយនឹកអាណិតម្ដងទៀត ក៍យកលេខដើម្បីកុំឲ្យក្រុមហ៊ុនកាត់ភាគរយគ្នាឲ្យគ្នាបានកំរៃឲ្យច្រើនទៅចុះ។

នៅថ្ងៃទី២ ខែកក្កដា ម៉ោង៦ល្ងាច ដោយទើបត្រលប់មកពីខេត្ត ដោយគ្រួសារខ្ញុំមានធុរៈបន្ទាន់ត្រូវទៅផ្ទះម្ដុំក្រោយផ្សារសាមគ្គី ហើយខ្ញុំមិនបានជូនទៅ គាត់ក៍ហៅ Pass app នេះម្ដងទៀតតាមលេខដែលវាឲ្យ ដោយនឹកឃើញថាធ្លាប់ជិះ ក៍ជិះទៅតែឯង ហើយក៍ជាលើកទី១ដែរ ដែលគាត់ហ៊ានជិះតែឯង។ ដោយជិះចេញពីបុរីទំនើប០១ដដែល។ ជិះមកដល់ម្ដុំបុរីពិភពថ្មីឈូកវ៉ា២ខណៈមេឃកំពុងភ្លៀងកំពុងតែបើកសុខៗpass appក៍ឈប់ងក់គ្រួសារខ្ញុំក៍សួរថាឈប់ធ្វើអី? អ្នកបើកបរក៍ថាសុំឈប់ឈឺនោម។ គ្រួសារខ្ញុំក៍បន្តសួរ ហេតុមកឈប់មិនប្រាប់អញ្ចឹង? វាក៍អត់មាត់ដើរទៅក្រោយ Pass App មួយសន្ទុះក៍ដើរមកវិញ ហើយបើកកង្ហារលើដំបូលទាំងមេឃកំពុងភ្លៀង គាត់ក៍ឲ្យបិទដោយប្រាប់ថារងាតែវាមិនបានបិទទេ។

បានប្រហែល៣នាទី គ្រួសារខ្ញុំក៍ចាប់ផ្ដើមបាត់ស្មារតីបន្តិចម្ដងៗ និងមានអាការៈងងុយដេក ទន់ដៃជើងបន្តិច តែដោយគាត់ធ្លាប់ឆ្លងកាត់បទពិសោធន៍លើវិស័យវេជ្ជសាស្ត្រ គាត់បានដឹងពីអាការៈនៃថ្នាំសណ្ដំ គាត់ក៍បញ្ជាឲ្យអ្នកបើកបរឈប់ តែអ្នកបើកបរមិនព្រមឈប់ ហើយថែមទាំងស្រែកមិនឲ្យគ្រួសារខ្ញុំចុះទៀត។ ជម្រើសចុងក្រោយ គ្រួសារខ្ញុំសម្រេចចិត្តលោតចុះ ដោយខ្លួនឯងហើយ ហើយរត់ចូលផ្ទះអ្នកជិតនោះឲ្យជួយ។ ហើយប្រាប់គេថា គេសណ្ដំគាត់ ឲ្យជួយយកខ្ទឹមនិងក្រូចឆ្មាមកបញ្ច្រកគាត់ផង និងប្រាប់គេឲ្យជួយខលមកខ្ញុំ។ ក្នុងចន្លោះពេលនោះអ្នកបើកបរបានបកមកវិញដោយសួររកគ្រួសារខ្ញុំ ហើយប្រាប់អ្នកជួយនោះថាកុំជឿរអ្វីដែលគ្រួសារខ្ញុំបាននិយាយ ហើយបានចោទថាប្រពន្ធខ្ញុំបោកវាទៅវិញ។

ក្រោយពីអ្នកជួយបានខលមកខ្ញុំ ខ្ញុំក៍បានទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានភ្លាមៗ រហូតឃាត់អ្នកបើកបរបាននៅនឹងកន្លែង និងបានយកទៅសាកសួរភ្លាមៗ។ ក្រោយធ្វើការឆែកឆែររបស់សមត្ថកិច្ច ក៍បានរកឃើញមានដំបងហូតមួយដើមផងដែរ ដោយអ្នកបើកបរបានអះអាងម្ដងថាខ្លួនជាអ្នកកាសែត ម្ដងជាសន្តិសុខឯកជន។ ជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណដល់ លោកអធិការនគរបាលខណ្ឌទួលគោក លោកអធិការនគរបាលខណ្ឌពោធិសែនជ័យ លោកមេប៉ុស្តិ៍ សំរោងក្រោម ដែលបានខ្នះខ្នែងជួយការពារសុវត្ថិភាពប្រជាជនបានយ៉ាងឆាប់រហ័ស។ 🙏🏻🙏🏻🙏🏻សូមអរគុណដល់បុគ្គលិកនិងម្ចាស់ហាងម្លិះវាំងនន ពិភពថ្មីឈូកវ៉ា២ ដែលបានខ្នះខ្នែងជួយគ្រួសារខ្ញុំដោយសុទ្ធចិត្ត។ 🙏🏻🙏🏻🙏🏻នេះជាសារដាក់តឿន ឲ្យមានការប្រុងប្រយត្ន័ចំពោះនារីៗដែលចូលចិត្តធ្វើដំណើរតាម Pass App តែម្នាក់ឯង។»