កុមារាអច្ឆរិយៈ សាន់វ៉េ បានបញ្ចេញសមត្ថភាពដ៏អស្ចារ្យ ក្នុងការចង់ចាំ រាល់សម័យកាលរបស់កម្ពុជា តាំងពីដើមរហូតដល់បច្ចុប្បន្ន ថែមទាំងស្គាល់នូវប្រវត្តិរបស់ សម្តេចតេជោ ហ៊ុន សែន បានយ៉ាងច្បាស់…(មានវីដេអូ)

(ភ្នំពេញ)៖ កុមារាអច្ឆរិយៈ វិចិត្រ គន្ធបញ្ញាសិទ្ធ «ហៅសាន់វ៉េ» បានធ្វើអោយអ្នកគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងកន្លងរួចមកហើយ ក្នុងកម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី១ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ ក្នុងការចងចាំប្រវត្តិរូប និងរឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប លើសពីនេះទៅទៀត កុមារាអច្ឆរិយៈរូបនេះ ក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយទៀត គឺស្គាល់អំពីសត្វដាយណូស័រជាង ៣០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ។

ចំណែកនៅថ្ងែទី០១ ខែវិច្ចិកា ឆ្នាំ២០២០នេះ កម្មវិធី “តូច ខ្លឹម ខ្លាំង” នារដូវកាលទី២ បានត្រឡប់មកវិញសាជាថ្មី ក្នុងនោះដែរ កុមារាអច្ឆរិយៈ សាន់វ៉េ ក៏បានបង្ហាញនូវសមត្តភាពអស្ចារ្យមួយបន្ថែមទៀត ដោយកុមារា សាន់វ៉េ បានរៀបរាប់នូវរាល់សម័យកាលរបស់ប្រទេសកម្ពុជាយើង ចាប់តាំងពីសម័យកាលនគរភ្នំ រហូតមកដល់បច្ចុប្បន្នកាលនេះ។

បន្ថែមពីនេះទៀត កុមារា សាន់វ៉េ ក៏បានស្គាល់នូវជីវប្រវត្តិរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង បានយ៉ាងច្បាស់ផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ កុមារាខួរក្បាលអច្ឆរិយៈរូបនេះ មានសមត្ថភាពចងចាំយ៉ាងច្បាស់ នូវតារាងខួបនៃធាតុគីមីទាំង ១១៨ធាតុ ព្រមទាំងបានបង្ហាញពីធាតុគីមីមួយចំនួន ដែលយើងបានប្រើប្រាស់ជាប្រចាំថ្ងៃ ថែមទៀតផង។

ក្នុងវ័យក្មេងខ្ចីត្រឹមតែ០៧ឆ្នាំប៉ុណ្ណោះ តែសមត្ថភាពនៃការចងចាំ និងភាពវៃឆ្លាតរបស់កុមារា សាន់វ៉េ ពិតជាមិនធម្មតា ក្នុងការស្គាល់ច្បាស់ទាំងប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្របានយ៉ាងល្អ។ ចង់ដឹងថាតើសមត្ថភាពរបស់កុមារាសាន់វ៉េ ពិតជាអស្ចារ្យយ៉ាងណានោះ? សូមទស្សនាវីដេអូខាងក្រោម៖