
កាលពីពេលថ្មីៗនេះមានចម្រៀងមួយបទដែលមានចំណងជើងថា “អ្នកព្រៃវែងអាក្រក់ត្រង់ណា” របស់ផលិតកម្ម Morodok Media មរតក មេឌៀ ដែលគ្រប់គ្រងការផលិតដោយលោក ឈួន សុខលីម និងច្រៀងដោយលោក សយ រតនា រងការរិះគន់យ៉ាងខ្លាំង ក្រោយចេញឃ្លីបវិដេអូខ្លីមួយដែលគេហៅថា [Special Clip]ដោយតួសំដែងដៀលអ្នកខេត្តព្រៃវែងថាសុទ្ធតែជាពូជចោរលួច ចោរប្លន់ កាប់ចាក់ សុំទាន។ ជាមួយគ្នានេះដែរ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានសម្ដែងការសោកស្ដាយ និងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖
«តេីអ្នកព្រៃវែងខុសអី? ក្នុងនាមយុវជនម្នាក់ ខ្ញុំពិតជាមានការសោកស្ដាយនិងហួសចិត្តពេលបានឃេីញនិងស្ដាប់អត្ថន័យបទចម្រៀងនេះ។ មិនខុសពីការរិះគន់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រេីនទៀត ខ្លឹមសារនេះមានចរិតរេីសអេីង បំបែកបំបាក់ជាតិសាសន៍ បន្ទាបតម្លៃអ្នកព្រៃវែង បន្តុះបង្អាប់កិត្តិយស ប្រមាថសេចក្ដីថ្លៃថ្នូរក្នុងនាមប្រជាពលរដ្ឋ ដែលមានសិទ្ធិពេញលេញនិងសេចក្ដីថ្លៃថ្នូរដ៏បរិបូរណ៍នាសម័យបច្ចុប្បន្ន។ ខ្ញុំយល់ថាអ្នកគ្រប់គ្រងការផលិតអ្នកដឹកនាំសម្ដែង ផលិតករ អ្នកនិពន្ធ គួរពិចារឱ្យបានគ្រប់ជ្រុងជ្រោយបំផុតជុំវិញផលប៉ះពាល់សតិអារម្មណ៍ និងសង្គមទាំងមូល មុននឹងផលិតចេញជាសាធារណៈ។ ចំណែកអ្នកចម្រៀង អ្នកសម្ដែង ក៏គួរពិចារណាដោយជួយកេះគ្នាពិនិត្យកែសម្រួលខ្លឹមសារផងដែរ។
ធាតុពិតអ្នកព្រៃវែងពុំមានចរិតលក្ខណៈដូចអត្ថន័យសម្ដែងក្នុងបទនេះទេ។ អ្នកព្រៃវែងស្លូតបូត ឧស្សាហ៍ព្យាយាមប្រកបរបរការងារផ្សេងៗ។ ទោះជាមានចំណុចអវិជ្ជមានខ្លះ តែនោះជាឥរិយាបថបុគ្គល ហេីយមិនមែនតែអ្នកព្រៃវែង និងមិនមែនមានតែស្រុកខ្មែរដែរ។ សូមកុំយកទស្សនៈ(ត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់)មកអនុវត្ត។ ជាសំណូមពរខ្ញុំគិតថា ក្រុមការងារផលិតគប្បីចេញមុខសុំទោសជាសាធារណៈ និងដកចេញគ្រប់ប្រព័ន្ធនៃការផ្សព្វផ្សាយទាំងអស់។
ជាថ្មីម្ដងទៀត ក្រុមការងារផលិតមុននឹងផលិត ត្រូវពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការទទួលខុសត្រូវសង្គម និងការប្រឈមផ្លូវច្បាប់។ ក្នុងករណីនេះ អាចចាត់ថាជាការញុះញុងឱ្យមានការរេីសអេីង ការជេរប្រមាថ…ដែលសុទ្ធតែជាបទល្មេីសព្រហ្មទណ្ឌ។ តែទោះយ៉ាងណា យេីងគាំទ្រនិងលេីកទឹកចិត្តរាល់ការផលិតស្នារដៃនានា ដេីម្បីលេីកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរបស់យេីង ឈរលេីវិជ្ជាជីវៈត្រឹមត្រូវ។»
វីដេអូ